ប្រទេសតំបន់​​​អាស៊ាន​​បី​នឹង​រៀបចំ​កិច្ច​ប្រជុំ​កំពូល​សំខាន់​៣ ខណៈពូទីន​បញ្ជាក់​ពីការ​ចូលរួម​នៅឥណ្ឌូនេស៊ីជាផ្លូវការ​

មេដឹកនាំ​​​​​​នៃ​ប្រទេស​​​​​​មហាអំណាច​សំខាន់ៗ មាន​ចិន​និង​រុស្ស៊ី ​​​​​​​ដែល​កំពុង​​ប្រជែង​ឥទ្ធិពល​​​គ្នា​​​ជាមួយសហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធ​មិត្ត​ក្នុង​អង្គការ​ណាតូ បាន​អះអាង​ពី​ការ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ក្នុងខែ​វិច្ឆិកា ជាខែ​ដែល​តំបន់​អាស៊ីអាគ្នេយ៍​នឹង​ត្រូវ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​បីសំខាន់ៗ ក្នុង​ប្រទេសផ្សេងគ្នា។

នៅ​តែ​ជាង​២ខែ​ទៀត​ប៉ុណ្ណោះ​​ តំបន់អាស៊ាន​​​ នឹង​ក្លាយ​ជាម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​​​​កំពូល​​អន្តរ​ជាតិ​សំខាន់​ៗ រហូត​ដល់​ទៅ​៣ ​មុន​​​បិទ​បញ្ចប់​​​​​ឆ្នាំ​​​២០២២ ដែល​ញំ​ញី​ដោយ​​ជម្ងឺរាត​​​ត្បាត​ ការ​ធ្លាក់​ចុះ​​​នៃ​វិស័យ​សេដ្ឋកិច្ច ​​និង សង្គ្រាម​​លុក​លុយ​​​ពីសំណាក់​ប្រទេសរុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​​​ដែល​ធ្លាប់​នៅ​ក្នុង​សហភាព​​សូវៀត​ជាមួយគ្នា​។

ក្នុង​ជំនួប​​​​​កំពូល​ទាំង​បី រួម​មាន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​និង​កិច្ច​ប្រជុំពាក់​ព័ន្ធនៅ​ប្រទេស​កម្ពុជា​កិច្ច​ប្រជុំ​កំពូល​​​នៃ​ក្រុមប្រទេស​អភិវឌ្ឍន៍​សេដ្ឋកិច្ច ​G20 នៅ​ប្រទេសឥណ្ឌូនេស៊ី និង​​កិច្ច​ប្រជុំ​កំពូល​នៃ​វេទិកា​​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​​​​សេដ្ឋកិច្ច​​​​អាស៊ី​ប៉ាស៊ីហ្វិក ហៅ​កាត់​ថា «APEC»  ​ នៅ​ប្រទេសថៃ ហើយ​​​​​កិច្ច​ប្រជុំ​ទាំងបីនេះ​ត្រូវ​បាន​​គេ​​រំពឹង​ថា​មេដឹកនាំ​ពិភពលោក​​​អាច​ចូលរួម​​ដើម្បី​រក​ដំណោះស្រាយ​​នយោបាយ​​ លើ​បញ្ហា​របស់​ពិភព​លោក​​​ដែល​កំពុង​បង្ក​ភាព​តានតឹង​ដាក់​គ្នា​យ៉ាង​ខ្លាំង​​។

​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​​ប្រចាំ​ឆ្នាំអមដោយ​​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ជា​ច្រើន ដូច​ជា​កិច្ច​ប្រជុំ​កំពូល​អាស៊ានបូក​៣ ដែល​រួម​បញ្ជូល​​អាស៊ាន​និង​ប្រទេស​​ចិន ជប៉ុន និង​កូរ៉េ​ខាងត្បូង​ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​បូកសហរដ្ឋអាមេរិក​ និង​កិច្ច​ប្រជុំ​​កំពូល​អាស៊ាន​បូករុស្ស៊ី ជាដើម នឹង​​ត្រូវ​រៀប​ចំ​ឡើង​​ ​ នៅ​រាជធានី​ភ្នំពេញ​​ប្រទេស​កម្ពុជា​​ពី​ថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី​១៣​ខែ​វិច្ឆិកា​។

ពីរថ្ងៃ​បន្ទាប់​មក ពោល​គឺ​នៅថ្ងៃ​ទី​​​១៥​និង​១៦​ខែ​​វិច្ឆិកា​ ប្រទេស​ឥណ្ឌូនេស៊ី​​ដែល​ជា​ប្រទេស​​ធំ​បំផុត​​ក្នុង​តំបន់អាស៊ី​អាគ្នេយ៍ ​នឹង​ក្លាយ​ជាម្ចាស់​ផ្ទះ​​រៀប​ចំ​​​ស្វាគមន៍​​មេដឹកនាំ​​នៃ​ប្រទេស​អភិវឌ្ឍន៍​​​​ឧស្សាហកម្ម​​ ហៅ​កាត់ថា G20 ​ដែល​ត្រូវ​រៀប​ចំឡើង​​​​​នៅ​​​លើ​កោះ​បាលី​​ ប្រទេស​ឥណ្ឌូនេស៊ី​។ ​ G20 មាន​សមាជិក ១៩ប្រទេស និង១​​តំបន់​ ដូចជា ​អាហ្សង់ទីន ​​អូស្រ្តាលី ​ប្រេស៊ីល កាណាដា ​សាធារណៈរដ្ឋ​ប្រជាមានិតចិន(PRC) ​បារាំង ​​អាល្លឺម៉ង់ ​ឥណ្ឌា ​ឥណ្ឌូនេស៊ី ​អ៊ីតាលី ​ជប៉ុន ​​​កូរ៉េ​​ខាងត្បូង​ ម៉ិកស៊ិក រុស្ស៊ី ​អារ៉ាប៊ី​សាអ៊ូឌីត ​​អាហ្រ្វិក​ខាងត្បូង ​តួកគី ​ចក្រភព​អង់គ្លេស ​សហរដ្ឋអាមេរិក ​និង​សហភាព​អឺរ៉ុប។

ក្រោយ​កិច្ច​ប្រជុំ​​G20​ ចំនួន​ពីរថ្ងៃ ​​កិច្ច​ប្រជុំ​​កំពូល​​​វេទិកា​​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​​​​សេដ្ឋកិច្ច​​​អាស៊ី​ប៉ាស៊ីហ្វិក ហៅ​កាត់​ថា «APEC» នឹង​ត្រូវ​គេប្រារព្ធ​ឡើង​​នៅ​ប្រទេសថៃ។  APEC ដែល​មាន​សមាជិ​​​២១ ​ប្រទេស​​​ រួម​មាន ​អូស្រ្តាលី ​ប្រ៊ុយណេ ​កាណាដា ​ឈីលី ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ​ដែន​​ដី​ហុងកុង ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង ​ម៉ាឡេស៊ី ​ម៉ិចស៊ិក ​នូវែលសេឡង់ ​ប៉ាពូអាស៊ីនូវែលហ្គីណេ ​​ប៉េរូ ​​ហ្វីលីពីន ​រុស្ស៊ី ​សឹង្ហបុរី តៃ​វ៉ាន់ ​ថៃ​ សហរដ្ឋ​អាមេរិក និង​វៀតណាម។

​ក្នុង​ចំណោម​កិច្ច​ប្រជុំ​កំពូល​សំខាន់​ៗ​​ទាំង​បី​ ដែល​សុទ្ធ​តែ​អាច​មេដឹកនាំ​​នៃ​ប្រទេសសំខាន់​ៗ ​​​ដែល​ប្រជែង​​ឥទ្ធិពល​គ្នា​​​ ដូច​ជា​ ​សហរដ្ឋអាមេរិក ​​ចិន ​និង​​​រុស្ស៊ី​​ ប៉ុន្តែ​​​លទ្ធភាព​​​​​​​​បើក​ផ្លូវ​សម្រាប់​ជំនួប​ផ្ទាល់​​​​​រវាង​មេដឹក​នាំ​នៃ​ប្រទេស​នានា​​ និង​​​​​​​មេដឹកនាំ​រុស្ស៊ី ​អាច​មាន​តែ​​ជំនួប​​​នៃ​កិច្ចប្រជុំ​កំពូល​​​ G20 ​ក្នុង​ប្រទេស​​​​​ឥណ្ឌូនេស៊ី​មួយគត់ ដោយសារ​តែ​​ឥណ្ឌូនេស៊ី​ជាប្រទេស​​ធំ​​​មាន​ឥទ្ធិពល​​នៅ​អាស៊ីអាគ្នេយ៍ មានទាំង​​​អំណាច​​​សេដ្ឋកិច្ច​ យោធា និង ចំនួន​ប្រជាជន ​ជាពិសេស​នោះ គឺ​នយោបាយ​ការបរទេស​ទន់​ភ្លន់​​​របស់​ប្រទេសនេះ​មិន​ចូលរួម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំ​ង​​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​តាម​ការ​​​តាក់តែង​របស់​ប្រទេសលោក​ខាងលិច​ដឹកនាំ​ដោយសារ​​សហរដ្ឋ​អាមេរិក។ ​​

ប្រទេសរុស្ស៊ី​​ដែល​ជាមហាអំណាចយ​​មួយ​​ក្នុង​ក្រុមប្រឹក្សា​​​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ បាន​ រង​ការ​ថ្កោល​ទោស​​និង​ដាក់​ទណ្ឌកម្ម​​​សេដ្ឋកិច្ច​​​​ដ៏ខ្លាំង​មិន​ធ្លាប់​មាន​ពី​ប្រទេស​​​លោក​ខាងលិច​ ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធ​មិត្ត​របស់ខ្លួន​ក្នុង​អង្គការ​សន្ធិសញ្ញា​​អាត្លង់ទិក​ខាងជើង (NATO) ដោយសារ​​ការការ​លើក​ទ័ព​​​​ឈ្លាន​ពាន​​​របស់​​រុស្ស៊ី​លើ​ប្រទេសអ៊ុយក្រែន​​ដែល​ទទួលបាន​ឯករាជ្យ​ពេញ​លេញ​​​​កាល​ពីឆ្នាំ​១៩៩១ ក្រោយ​​សហភាព​សូវៀត​ប្រកាស​ដួលរំលំ​។​

​​កាសែត​ The Jakarta Post ​របស់​ប្រទេសឥណ្ឌូនេស៊ីដែលបានចេញផ្សាយ​កាល​ពី​​ខែ​ឧសភា​ ក្រោយ​មាន​កា​រលើក​ឡើង​របស់​មន្ត្រី​អាមេរិក​​ដែលចង់​ឱ្យ​​​ម្ចាស់ផ្ទះ​​​​រៀប​ចំកិច្ច​ប្រជុំ​កំពូល​G20 ដក​បេក្ខភាព​ប្រទេស​រុស្ស៊ី​ដឹកនាំ​ដោយ​​ប្រធានាធិបតី​វ្ល៉ា​ឌីមៀ ពូទីន ​ចេញ​​ពី​កិច្ច​ប្រជុំនោះ និង​ស្នើ​ឱ្យ​​​​អញ្ជើញ​​ប្រធានាធិបតី​​​​​ វ៉ូឡូ​ឌីមៀ ហ្សេឡែនស្គី (Volodymyr Zelensky) ដែល​កំពុង​ប្រយុទ្ធ​​ក្នុង​សង្គ្រាម ក្រោយ​​អំពើ​​លុកលុយ​របស់រុស្ស៊ី​​ ចូលរួម​កិច្ច​ប្រជុំ​វិញ​។​

​​ក៏ប៉ុន្តែ​តាម​ការ​ចេញ​ផ្សាយ​​របស់​សារព័ត៌មាន​នោះ ​ប្រធានាធិបតីឥណ្ឌូនេស៊ី​​​ ចូកូ វីដូដូ​ (Joko Widodo ដែល​គេ​ច្រើន​​ហៅ​ថា “Jokowi” បាន​​​ចេញ​លិខិត​អញ្ជើញ​លោក​ប្រធានា​ធិបតី​​ វ្ល៉ា​ឌីមៀ ពូទីន​ តាំង​ពីមុន​​​​ការ​លុកលុយ​ដោយ​កង​ទ័ព​ចូល​ប្រទេសអ៊ុយក្រែន​ទៅទៀត។ ប៉ុន្តែ​​ប្រធានាធិបតី​​ឥណ្ឌូនេស៊ី​​អាច​ឆ្លើយ​តប​​បំពេញ​តាមការ​ទាមទារ​របស់ប្រទេស​លោក​ខាងលិច​ដោយ​ការអញ្ជើញ​ប្រធានាធិបតីអ៊ុយក្រែន ​​​​​ វ៉ូឡូ​ឌីមៀ ហ្សេឡែនស្គី ចូលរួម​ក្នុង​ព្រឹត្តិការណ៍នេះ​។

​​មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​របស់​​សេតវិមាន លោកស្រី​ Jen Psaki ​បាន​ធ្លាប់​លើក​ឡើង​​កាល​ពី​ខែ​មេសា​​​កន្លងមក​ថា ប្រធានាធិបតី​​ចូ បៃដិន (Joe Biden) នៅតែបដិសេធ​វត្តមាន​របស់​ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅក្នុងកិច្ចប្រជុំកំពូល។

​ការ​អញ្ជើញអ៊ុយក្រែនជាភ្ញៀវពិសេសទៅកិច្ចប្រជុំកំពូល​កោះបាលី​គឺងាយស្រួល​ជាងក្នុង​ការ​ធ្វើ​ព្រោះក្នុងនាមជាម្ចាស់ផ្ទះ ដែល​Jokowi មាន​សិទ្ធិបន្ថែម​ទៅ​ក្នុង​បញ្ជីអ្នក​អញ្ជើញ។ ប៉ុន្តែ​ប្រទេស​​​ឥណ្ឌូនេ​ស៊ី​គួរតែ​អញ្ជើញ​​​​ប្រទេសជាសមាជិក​​ឱ្យបាន​មុន​ ​ ហើយ​​​ធ្វើ​ឱ្យ​ប្រាកដ​ថា​មេដឹកនាំ​ប្រទេស G20 ទាំងអស់​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ​។​ការសម្រេចចិត្តបណ្តេញចេញ ឬព្យួរសមាជិកណាមួយគួរតែជាការសម្រេចចិត្តរួម។ ​នេះ​​បើ​យោង​តាម​សារព័ត៌មាន The Jakarta Post។

ក្រៅពីសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau និង​នាយករដ្ឋ​មន្ត្រី​អង់គ្លេស លោក Boris Johnson ក៏បានសម្តែងការទាមទារដូចគ្នាដែរ។

ប្រសិនបើប្រធានាធិបតី​​ឥណ្ឌូនេស៊ី Jokowi បាន​យល់​ព្រម​ធ្វើ​តាម​ការ​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​​ពី​មេដឹកនាំ G20 មួយចំនួន​ដែលមិនចង់បានវត្តមានរបស់លោកពូទីន នោះ​ឥណ្ឌូនេស៊ី​នឹង​មាន​គំរូ​អាក្រក់ណាស់។

ប្រទេស​ឥណ្ឌូនេស៊ី​មិន​អាច​ត្រូវ​បាន​កំណត់​ដោយ​ប្រទេស​ផ្សេង​ទៀត​តាម​ការ​ចង់​បាន។ ការ​អញ្ជើញលោកពូទីនគឺជាការសម្រេចចិត្តច្បាស់លាស់មួយ ហើយ​អាចត្រូវ​បាន​ដកហូត​បាន​លុះត្រា​តែ​វាត្រូវបានផ្អែកលើកិច្ចព្រមព្រៀងដោយទាំងអស់គ្នា។

​បើ​ប្រទេស​ឥណ្ឌូនេស៊ីធ្វើ​តាម នោះ​លើកក្រោយ ប្រទេសធំៗដូចជាសហរដ្ឋអាមេរិក​អាច​បង្ខំ​ម្ចាស់​​ផ្ទះ​​ផ្សេងទៀត​យ៉ាង​ងាយ​ស្រួល​ក្នុងការ​​រារាំងការ​ចូលរួម​​របស់​​សមាជិក​​ណាមួយ​ដែល​​ទីក្រុង​វ៉ាស៊ីនតោនមិនពេញ​ចិត្ត​។ ​​ឥណ្ឌូនេស៊ី​យល់​ថា ​​ប្រសិន​បើ​​លោក ពូទីន​បោះបង់​កិច្ច​ប្រជុំ​កំពូល G20 ដោយ​ដឹង​ពី​ការ​​​​មិនស្វាគមន៍​​ និង​ប្រកប​ដោយ​​​​អរិភាព​ដែល​លោក​អាច​នឹង​ប្រឈម​មុខ នោះ​ជារឿង​របស់​ប្រទេសរុស្ស៊ី​ ប៉ុន្តែ​ឥណ្ឌូណេស៊ី​មិន​អាច​ឲ្យ​វា​កើត​ឡើង​បាន​ទេ៕

ប្រភព៖ The Jakata Post

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner