ប្រធានាធិបតី​បារាំង ​គ្រោង​ទស្សនកិច្ច​អាល់ហ្ស៊េរី​ ដើម្បី​ស្តារ​ទំនាក់​ទំនង​ដែល​ជាប់គាំង​ឡើង​វិញ​

ការិយាល័យ​ប្រធានាធិបតី​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ថា​លោក​ប្រធានាធិបតី​បារាំង ​អេម៉ានុយ​អែល ​ម៉ាក្រុង ​នឹង​ទៅ​ទស្សនកិច្ច​អតីត​អាណា​និគម​អាល់ហ្ស៊េរី​នៅ​សប្តាហ៍​ក្រោយ ​ក្នុង​កិច្ចខិតខំ​ប្រឹង​ដើម្បី​ស្តារ​ទំ​នាក់ទំនង​ដែល​ជាប់គាំង​ឡើង​វិញ​រវាង​ទីក្រុង​ប៉ារីស ​និង​អាល់ហ្ស៊េ​។

ទំនាក់ទំនង​បារាំង-អាល់ហ្ស៊េរី​បាន​ធ្លាក់​ចុះយ៉ាង​ខ្លាំង​កាល​ពី​ឆ្នាំមុននេះ​ក្រោយ​ពី​លោក​ម៉ាក្រុង​​បាន​ចោទសួរ​​​​ថាតើ​​​​​អាល់​ហ្ស៊េរី​​បា​នកើ​តជា​ប្រទេសមួយ​​​ហើយ​ឬយ៉ាង​ណា​នៅ​មុន​​ការឈ្លានពាន​របស់​​បារាំង​និង​​បានចោទប្រ​កាន់​​​ប្រព័​ន្ធ​នយោបាយ​យោ​ធា​​របស់​ប្រទេស​​នេះ​​​​ថា​​បាន​សរសេរ​​​ប្រវត្តិសាស្ត្រជាថ្មី​​និង​នាំ​ឱ្យ​មាន​ការស្អប់​ប្រទេស​​បារាំង។ ​

ជា​ការ​ឆ្លើយ​ទប​នោះ​ ​ប្រទេស​អាល់ហ្ស៊េរី​ បាន​ដកស្ថានទូត​របស់ខ្លួន ប៉ុន្តែ​ភាគី​ទាំង​២​ ក៏ទំនង​ជា​បាន​ជួស​ជុល​ទំនាក់ទំនង​នា​ពេល​នោះ​ដែរ​។

ការិយាល័យ​ប្រធានាធិបតី​បានបញ្ជាក់​ នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​ក្រោយ​ពី​ការ​សន្ទនា​មួយ​រវាង​លោក​ម៉ា​ក្រុង​​និង​លោក​ប្រធានា​ធិបតី​អាល់ហ្ស៊េរី​ Abdelmadjid Tebbouneថា៖«​ដំណើរ​ទស្សន​កិច្ច​នេះ​នឹង​ចូលរួម​ចំណែក​ដល់​ការធ្វើឱ្យ​​ទំនាក់ទ្វេភាគី​​កាន់​តែ​ស៊ី​ជម្រៅង ​ដោយ​សម្លឹង​មើល​ទៅ​អនាគត…ពង្រឹង​កិច្ចស​ហប្រតិបត្តិការ​បារាំង​-អាល់ហ្ស៊េរី​ក្នុង​ការ​ប្រឈម​នឹង​បញ្ហា​ប្រឈម​នានា​ក្នុង​តំបន់​ និង​បន្ត​ការងារ​​ដោះស្រាយ​បញ្ហា​អតីត​កាល។

លោក​ម៉ាក្រុង​ត្រូវ​ធ្វើ​ទស្សន​កិច្ច​ពី​ថ្ងៃ​ព្រហស្បតិ៍​ដល់​ថ្ងៃ​សៅរ៍​សប្តាហ៍​ក្រោយ​។​

ប្រទេស​អាហ្វ្រិក​ខាងជើង​នេះ​ បាន​ទទួល​ឯករាជ្យ​ពី​បារាំង ​បន្ទាប់​ពី​សង្គ្រាម​រយៈ​ពេល​៨​ឆ្នាំ ​ដែល​បាន​បញ្ចប់​ដោយ​ចុះហត្ថ​លេខា​កិច្ចព្រម​ព្រៀង Evian Accords ​ក្នុង​​ខែ​មីនា​ ឆ្នាំ​១៩៦២​។

នៅថ្ងៃទី​៥​ ខែ​កក្កដា​១៩៦២​នោះ​ដែរ​ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ប្រជាជន​៩៩​,៧២​ភាគ​បាន​បោះឆ្នោត​ទាមទា​រឯករាជ្យ​នៅក្នុង​ធ្វើ​ប្រជាមតិមួយ​ទីបញ្ចប់​អាល់ហ្ស៊េរី​បាន​ចេញ​ផុត​ពី​ការ​គ្រប់គ្រង​អាណានិម​ប៉ុន្តែ​ការរំឭក​នៃ​ការ​កាន់កាប់​១៣២​ឆ្នាំ​ បន្ត​ប៉ះពាល់​ដល់​ចំណង​ទំនាក់ទំនង​របស់​ខ្លួន​ជា​បារំាង។​

សង្គ្រាម​ឯករាជ្យ​របស់​អាល់​ហ្ស៊េរី​បាន​បណ្តាល​ឱ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​ស្លាប់​។​

អ្នក​ប្រវត្តិសាស្ត្រ​បារាំង​និយាយ​ថា ​ជនស៊ីវិល​កន្លះ​លាន​នាក់​និង​ទាហាន​បានស្លាប់  ​៤០​មឺុន​នាក់​ក្នុង​ចំណោម​ពួកគេ​គឺ​ជា​ជន​ជាតិ​អាល់ហ្ស៊េរី​ខណៈ​ដែល​អាជ្ញាធរ​អាល់ហ្ស៊េរី៏​បាន​បញ្ជាក់​ថា ១,​៥​លាន​នាក់​​បាន​ស្លាប់។

ប៉ុន្តែ​មាន​រយៈ​ពេល​៦​ទសវត្សរ៍​កន្លងទៅ​ហើយ ​ ក៏ប្រទេស​បារាំង​មិន​បាន​ធ្វើ​ការ​សុំ​ទោស​ណា​មួយ​ចំពោះ​​រយៈពេល​អាណានិគម​នោះ​ដែរ។

ការិយាល័យ​ប្រធានាធិបតី ​បាន​ប្រកាស​ដំណើរ​ទស្សនកិច្ច​របស់​លោក​ម៉ាក្រុង​ខណៈ​ដែល​​ប្រទេស​អាល់ហ្ស៊េរី​រងការ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ពី​ភ្លើង​ឆេះ​ព្រៃ​។​

ភ្លើងឆេះព្រៃ​នៅ​អាល់ហ្ស៊េរី​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ពន្លត់​ទាំង​ស្រុង​ហើយនោះ ​បាន​បណ្តាល​ឱ្យ​មនុស្ស​៣៨​នាក់​ស្លាប់​និង​បាន​បំផ្លាញ​តំបន់​ជីវ​ចម្រុះ​ដែល​ចុះបញ្ជី​ដោយ​អង្គការ​ UNESCO ​ប្រមាណ​ជាង​១០​ភាគរយ​។

ក្រុម​ការពារ​ស៊ីវិល​អាល់​ហ្ស៊េរី​បាន​និយាយ​ថា ​អ្នក​ពន្លត់​អគ្គិភ័យ​នៅតែ​បន្ត​ពន្លត់​ភ្លើង​ឆេះដែល​បណ្តាល​មក​ពី​គ្រោះរាំង​ស្ងួត​ ​និង​រលក​កម្តៅ​នៅ​តំបន់​ចុង​ខាង​លិច​នៃ​ប្រទេស​កាល​ពី​ថ្ងៃ​សៅរ៍​។ ​

យោងតាម​ប្រភព​ជាច្រើន​ក្នុង​នោះ​មាន​អ្នកសារ​ព័ត៌មាន​និង​សេវា​ពន្លត់​អគ្គិភ័យ​មនុស្ស​យ៉ាង​តិច​៣៨នាក់​ស្លាប់ ​ភាគច្រើន​នៅ​ក្នុង​ខេត្ត​El Tarf ​នៅក្បែរ​ព្រំដែន​ខាងកើត​អាល់ហ្ស៊េរី​ជា​មួយ​ទុយនីស៊ី។

ការិយាល័យ​ប្រធានា​ធិបតី​បាន​ឱ្យ​ដឹង​ថា ​លោក​ម៉ាក្រុង​ បាន​ផ្តល់​សេវា​ពន្លត់​អគ្គិភ័យ​ទាំង​ផ្លូវ​ដី​និង​ផ្លូវ​អាកាស​ដើម្បី​ជួយ​ពន្លត់​។

ដំណើរ​ទស្សនកិច្ច​នោះ ​ គឺ​លើក​ទី២​របស់​ប្រធានាធិបតី​បារាំង​រូបនេះ​ទៅ​កាន់​ប្រទេស​អាល់ហ្ស៊េរី​ក្នុងនាម​ជា​ប្រមុខ​រដ្ឋ​ បន្ទាប់​ពី​ទស្សន​កិច្ច​រយៈពេល​ខ្លី​មួយ​នៅ​ខែធ្នូ ​ឆ្នាំ​២០១៧ ​នៅដើម​អាណត្តិ​ទី១​របស់​លោក​ នៅពេល Abdelaziz Bouteflika  ជា​ប្រធានា​ធិបតី​អាល់ហ្ស៊េរី​។ ​

ទស្សនកិច្ច​នេះ​នឹង​មាន​រយៈពេល​វែង ​ហើយ​នឹង​នាំ​លោក​ទៅ​កាន់​រដ្ឋធានី​អាល់ហ្ស៊េ ​និង​ទីក្រុង​ធំ​ទី២​គឺ​ Oran​។

លោក Tebboune ​ អតីត​នាយក​រដ្ឋមន្ត្រី​របស់​លោក​ Bouteflika ​បាន​ឈ្នះ​ការ​បោះឆ្នោត​ប្រធានា​ធិបតី​ក្នុង​ឆ្នាំ​២០១៩​ ក្រោយ​ពី​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​បាន​បង្ខំឱ្យ​អ្នក​កាន់​តំណែង​មុន​មានវ័យ​ចំ​ណាស់​ លា​លែង​ពី​តំណែង​។ កាលពី​ដើមឆ្នាំនេះ​លោក​បាន​អបអរ​សាទរ​លោក​ម៉ាក្រុង​ចំពោះ​ការ​ជាប់ឆ្នោត​ជា​ថ្មី​នឹង​បាន​អញ្ជើញ​លោក​មក​ទស្សន​កិច្ច​អាល់ហ្ស៊េរី​៕

ប្រភព៖ The Guardian

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner