ប្រមុខ UN ជំរុញឱ្យជម្នះឧបសគ្គចំពោះការនាំចេញអាហារ ជីពីរុស្សីបន្តទៀត
បន្ទាប់ពីជួបមន្ត្រីនៃប្រទេសរុស្ស៊ី និងប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេឡែនស្គី នៃប្រទេសអ៊ុយក្រែន អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉ែស (Antonio Guterres) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយរដ្ឋមន្ត្រីការពារជាតិតួកគី លោក Hulusi Akar កាលពីថ្ងៃសៅរ៍ថា ការនាំចេញផលិតផលកសិកម្មរបស់ប្រទេសអ៊ុយក្រែននិងរុស្ស៊ីទៅកាន់ទីផ្សារពិភពលោក ពិតជាមានសារៈសំខាន់ ដើម្បីធ្វើឱ្យទីផ្សារផលិតផលធ្លាក់ចុះថ្លៃនិងបង្ការភាពអត់ឃ្លាននៅបណ្តាប្រទេសមួយចំនួន។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានលើកឡើងថា៖«វាមានសារៈសំខាន់ណាស់សម្រាប់ទីផ្សារពិភពលោកក្នុងការធានាការនាំចេញផលិតផលកសិកម្មដោយគ្មានឧបសគ្គពីអ៊ុយក្រែន និងរុស្ស៊ី»។
នៅឯមជ្ឈមណ្ឌលសម្របសម្រួលរួមដែលមានមូលដ្ឋាននៅទីក្រុងអ៊ីស្តង់ប៊ុលដែលត្រួតពិនិត្យការនាំចេញ លោក ហ្គុយតឺរ៉ែស បាននិយាយថា៖«ការទទួលបានអាហារ និងជីកាន់តែច្រើនចេញពីអ៊ុយក្រែន និងរុស្ស៊ីគឺមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យទីផ្សារទំនិញស្ងប់ស្ងាត់បន្ថែមទៀត និងតម្លៃទាបសម្រាប់អ្នកប្រើប្រាស់»។
យោងតាមកម្មវិធីស្បៀងអាហារពិភពលោក WFP ប្រទេសប្រមាណ៤៨ដែលមានប្រជាជនសរុបប្រមាណជិត៥០លាននាក់ប្រឈមការស្រេកឃ្លានដោយសារកង្វះខាតអាហារចាំបាច់ ។ សង្គ្រាមនៅប្រទេសអ៊ុយក្រែនបានបន្ថែមការលំបាក់នេះកាន់តែខ្លាំងទៀត។
លោក ហ្គុយតឺរ៉េស បាននិយាយថា អង្គការសហប្រជាជាតិកំពុងធ្វើការជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដើម្បីជម្នះ «ឧបសគ្គមួយចំនួន» ចំពោះអាហារ និងជីរបស់រុស្ស៊ី «ដែលមិនស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម» ឈានដល់ទីផ្សារពិភពលោក។
លោកបានបន្ថែមថា ពួកគេត្រូវយកឈ្នះលើការដឹកជញ្ជូន ការធានារ៉ាប់រង និងហិរញ្ញវត្ថុ។
លោក ហ្គុយតឺរ៉ែស បាននិយាយថា៖«វាជារឿងសំខាន់ដែលរដ្ឋាភិបាល និងវិស័យឯកជនទាំងអស់សហការគ្នាដើម្បីនាំពួកគេ [រុស្ស៊ី] ទៅកាន់ទីផ្សារ» ។
ក្រោយសង្គ្រាមប្រហែលកន្លះឆ្នាំ ប្រទេសរុស្ស៊ីនិងអ៊ុយក្រែនទើបតែព្រមព្រៀងជាលើកដំបូងកាលពីខែកក្កដាក្នុងការអនុញ្ញាតឱ្យនាំចេញគ្រាប់ធញ្ញជាតិពីប្រទេសអ៊ុយក្រែន ក្រោមសម្ពាធអន្តរជាតិដ៏ខ្លាំង៕