ក្រុងកៀវបិទសកម្មភាពបុណ្យឯករាជ្យ ដោយខ្លាចការវាយប្រហាររបស់រុស្ស៊ី
រដ្ឋធានីកៀវរបស់អ៊ុយក្រែនបិទការប្រារព្ធពិធីបុណ្យឯករាជ្យជាតិជាសាធារណៈនៅសប្តាហ៍នេះដោយលើកឡើងពីការគំរាមកំហែងកាន់តែខ្លាំងឡើងនៃការវាយប្រហារពីរុស្ស៊ី ខណៈមន្ត្រីអាមេរិកព្រមានអំពីផែនការវាយប្រហាររបស់រុស្ស៊ីនៅប៉ុន្មានថ្ងៃខាងមុខនេះ។
អាជ្ញាធរក្នុងទីក្រុងបានបិទគ្រប់ទាំងសកម្មភាពសាធារណៈទាំងអស់ ដែលទាក់ទងនឹងការប្រារព្ធខួបឯករាជ្យពីថ្ងៃចន្ទដល់ថ្ងៃព្រហស្បតិ៍ ដោយដាក់ក្រុមកងកម្លាំងការពារ ដើម្បីឆ្លើយតបនឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែតជាថ្មីណាមួយ។
ការបិទនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេលេនស្គី បានព្រមានថា ទីក្រុងម៉ូស្គូអាចធ្វើ«អ្វីដែលអាក្រក់ខ្លាំង» ក្នុងអំឡុងខួបឯករាជ្យលើកទី ៣១ នៅថ្ងៃពុធដែលជាថ្ងៃរំលឹកខួបដល់ការរួចផុតពីការគ្រប់គ្រងរបស់សហភាពសូវៀត។
ទន្ទឹមនឹងនោះ មន្ត្រីអាមេរិកម្នាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា រុស្ស៊ី«កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបើកការវាយប្រហារ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងកន្លែងរដ្ឋាភិបាលរបស់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ»។
រុស្ស៊ីបើកការឈ្លានពាននៅចុងខែកុម្ភៈ ដោយហៅវាថាជាប្រតិបត្តិការយោធាពិសេស ដើម្បីដកអាវុធក្រុងកៀវ និងការពារសហគមន៍ដែលនិយាយភាសារុស្ស៊ី។ប៉ុន្តែអ៊ុយក្រែន និងលោកខាងលិច ចោទសកម្មភាពនេះថាជាសង្រ្គាម។
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនិយាយកាលពីថ្ងៃចន្ទថា ជនស៊ីវិលជាង ៥ ៥០០ នាក់ត្រូវបានសម្លាប់និងជាង ៧ ៨០០ នាក់រងរបួសចាប់តាំងពីសង្រ្គាមផ្ទុះឡើង ដែលភាគច្រើនមកពីការវាយប្រហារដោយកាំភ្លើងធំ គ្រាប់រ៉ុក្កែត និងមីស៊ីល។

ប្រភព៖ Reuters